​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម តំណាងឱ្យ​រាជរដ្ឋាភិបាល ដឹកនាំ​គណៈប្រតិភូ ចូលរួម​កិច្ចប្រជុំ​ការពារ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេវាកម្ម​អាស៊ាន​

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២៣ នៅ​វិមាន​ព្រឹទ្ធសភា ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម តំណាងឱ្យ​រាជរដ្ឋាភិបាល បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា ការពារ សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេវាកម្ម​អាស៊ាន ក្នុង​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធ​សភា​លើក​ទី​១០ នីតិកាល​ទី​៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​ការចូលរួម​ពី​សមាជិក សមាជិកា​ដ៏​ឧត្តុង្គឧត្តម​នៃ​ព្រឹទ្ធសភា​។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម គង់ សារាជ ប្រធាន​គណៈកម្មការ​ទី​៩ នៃ​ព្រឹទ្ធសភា បាន​ធ្វើ​សេចក្តីរាយការណ៍​ជូន​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធ​សភា​លើក​ទី​១០ នីតិកាល​ទី​៤ អំពី​ការ​សិក្សា​លម្អិត និង​ដំណើរការ​ត្រួតពិនិត្យរ​បស់​គណៈកម្មការ​ទី​៩ ដោយ​សហការ​ជាមួយ​នឹង​គណៈកម្មការ​ទាំងអស់ លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេវាកម្ម​អាស៊ាន ដែល​ជា​លទ្ធផល​ឃើញថា សំណើសុំ​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​នេះ បាន​រៀបចំ​ឡើង​ត្រឹមត្រូវ​ស្រប​តាម​បទ​ប្បញ្ញត្តិ​នៃ​រដ្ឋធម្មនុញ្ញ ច្បាប់ បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នានា និង​ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​។ បន្ថែម​ពី​នេះ ឯកឧត្តម គង់ សារាជ ក៏បាន​គោរព​រាយការណ៍​ជូន​អង្គប្រជុំ​យ៉ាង​ពិស្តារ​អំពី ខ្លឹមសារ សាវតា គោលបំណង ក៏​ដូចជា​អត្ថប្រយោជន៍​ដែល​កម្ពុជា​នឹង​ទទួលបាន​នៅ​ពេល​សេចក្តីព្រាងច្បាប់​នេះ​ចូល​ជា​ធរមាន​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គោរព​ជម្រាប​ជូន​អង្គប្រជុំ​ផងដែរ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេវាកម្ម​អាស៊ាន ត្រូវបាន​ចរចា​បង្កើត​ឡើង​ក្នុង​គោលបំណង ពង្រឹង​ការតភ្ជាប់​សេដ្ឋកិច្ច និង​ផ្តល់​កាលានុវត្តភាព​កាន់តែ​ប្រសើរ​ថែម​ទៀត​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន បង្កើន​ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ​លើ​វិស័យ​ពាណិជ្ជកម្ម​សេវាកម្ម​កាន់តែ​ទូលាយ តាមរយៈ​ការកាត់បន្ថយ​ការ​រឹតត្បិត​ចំពោះ​ពាណិជ្ជកម្ម​សេវាកម្ម និង​ការខិតខំ​បង្កើត​បរិយាកាស​ពាណិជ្ជកម្ម​ដែល​អាច​ព្យាករណ៍​បាន​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បន្តថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេវាកម្ម​អាស៊ាន​នេះ ក៏​ឆ្លុះបញ្ចាំង​អំពី​ការប្តេជ្ញាចិត្ត​របស់​អាស៊ាន ក្នុង​ការពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​សមាជិក​ទាំងអស់ តាមរយៈ​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​ផ្នែក​និយ័តកម្ម ការបង្កើត​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​អភិវឌ្ឍន៍​ធនធានមនុស្ស ការបង្កើន​ការចូលរួម​របស់​សហ​គ្រាស​ធុន​មីក្រូ តូច និង​មធ្យម ក្នុង​សកម្មភាព​ពាណិជ្ជកម្ម​សេវាកម្ម ព្រមទាំង​ជំរុញ​ដល់​ការ​សហការ និង​សម្របសម្រួល​គ្នា​ទៅវិញទៅមក​រវាង​បណ្តា​ប្រទេស​សមាជិក សំដៅ​លើកកម្ពស់​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ​ឱ្យមាន ប្រសិទ្ធភាព ដើម្បី​អាច​ទាញ​យក​អត្ថប្រយោជន៍​កាន់តែ​ប្រសើរ​ពី​កាលានុវត្តភាព​នានា​ដែល​ផ្តល់​នៅ​ក្រោម​កិច្ច​ព្រមព្រៀង ជាពិសេស​ដើម្បី​រួមចំណែក​ដល់​ការកាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​រវាង​ប្រទេស​សមាជិក​អាស៊ាន​។​

​ក្រោយពី​បាន​ស្តាប់​នូវ​របាយការណ៍​យ៉ាង​យកចិត្តទុកដាក់​ដែល​រាយការណ៍​ដោយ ឯកឧត្តម​ប្រធាន​គណៈកម្មការ​ទី​៩ នៃ​ព្រឹទ្ធសភា និង​សេចក្តីបំភ្លឺ​បន្ថែម​ពី ឯកឧត្តម​រដ្ឋមន្ត្រី សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធ​សភា​លើក​ទី​១០ នីតិកាល​ទី​៤ បានអនុម័ត​ជា​ឯកច្ឆន្ទ​យល់ព្រម​ដោយ​ឥត​កែប្រែ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេវាកម្ម​អាស៊ាន ដោយ​ទទួលបាន​ការគាំទ្រ​សរុប ៦០​សម្លេង​។​

​ក្នុងនាម​ជា​តំណាងឱ្យ​រាជរដ្ឋាភិបាល ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ស៊ឹម កា អនុប្រធាន​ទី​១ និង ឯកឧត្តម កិត្តិ​សង្គហ​បណ្ឌិត ទេព ង​ន អនុប្រធាន​ទី​២ នៃ​ព្រឹទ្ធសភា ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​ដ៏​ឧត្តុង្គឧត្តម​នៃ​ព្រឹទ្ធសភា ដែល​បាន​ផ្តល់​ការអនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តីព្រាងច្បាប់​នេះ​។

​ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​បង្ហាញ​នូវ​សេចក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា កម្ពុជា​នឹង​ទទួលបាន​លទ្ធភាព និង​កាលានុវត្តភាព​កាន់តែខ្លាំង​ក្នុង​ការទាក់ទាញ​វិនិយោគ​បរទេស មក​បណ្តាក់ទុន​វិនិយោគ​ក្នុងប្រទេស​កម្ពុជា​កាន់តែ​ច្រើន ដែល​ជា​កត្តា​វិជ្ជមាន​ក្នុង​ការបង្កើន​ឱកាស​ការងារ​ថ្មីៗ​នៅក្នុង​ប្រទេស បង្កើន​ចំណូល ការទទួល​បាន​បទពិសោធ​ន៍​ថ្មីៗ ការផ្ទេរ​ចំណេះដឹង ជំនាញ បច្ចេកទេស និង​បំណិន​អាជីវកម្ម ជាពិសេស​កម្ពុជា​ក៏​នឹង​ទទួលបាន​នូវ​ជម្រើស​ជាច្រើន​ក្នុង​ការប្រើប្រាស់​សេវាកម្ម​ប្រកបដោយ​តម្លៃ​សមរម្យ​ផងដែរ នៅពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន​។​

​ឯកឧត្តម​រដ្ឋមន្ត្រី គូសបញ្ជាក់ថា ក្រសួង​ពាណិជ្ជកម្ម នឹង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​/​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​សេចក្តីព្រាងច្បាប់​នេះ​ឱ្យមាន​ប្រសិទ្ធភាព ស្របតាម​គោលនយោបាយ​ដ៏​ថ្លៃថ្លា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្នើម និង​ប្រកបដោយ​គតិបណ្ឌិត​៕