ធុរជន​ចិន​មក​ពី​ក្រុង​តុង​គួន​មក​ផ្សព្វផ្សាយ​ពី​ពិព័រណ៍​ផលិតផល​ពាណិជ្ជកម្ម​កែច្នៃ​ប្រទេស​ចិន​ដល់​ធុរជន​កម្ពុជា​

ដើម្បី​ជំរុញ​ការដោះដូរ​ពាណិជ្ជកម្មរ​វាង​កម្ពុជា និង​ចិន​បន្ថែមទៀត ធុរជន​មកពី​ប្រទេស​ចិន ក្នុង​ក្រុង​តុង​គួន បាន​មក​ផ្សព្វផ្សាយ​ពី ពិព័រណ៍​ផលិតផល​ពាណិជ្ជកម្ម​កែច្នៃ​ប្រទេស​ចិន​ដល់​ធុរជន​កម្ពុជា ក្នុង​ការចាប់យក​ឱកាស​នៃ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ធុរជន​កម្ពុជា​និង​ចិន ។​

​នៅក្នុង​សន្និសីទ​ផ្សព្វផ្សាយ ស្ដី​ពី​ពិព័រណ៍​ផលិតផល​ពាណិជ្ជកម្ម​កែច្នៃ​ប្រទេស​ចិន កាលពី​រសៀល​ថ្ងៃ​ទី​១៥ មិថុនា ២០២៣ លោក វូ គួ​ឈាន អគ្គទីប្រឹក្សា​ការិយាល័យ​ប្រឹក្សា​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​នៃ​ទីក្រុង​តុង​គួន​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា ពិព័រណ៍​ផលិតផល​ពាណិជ្ជកម្ម​កែច្នៃ​ប្រទេស​ចិន គឺជា​ពិព័រណ៍​ថ្នាក់​ជាតិ​តែមួយ​គត់​ដែល​ជំរុញ​ប្រធានបទ​ស្ដី​ពី​ការអភិវឌ្ឍ​ការកែ​ច្នៃប្រឌិត​ថ្មី​នៃ​ពាណិជ្ជកម្ម​កែច្នៃ ។ មកដល់​បច្ចុប្បន្ន​នេះ ទីក្រុង​តុង​គួន បាន​ប្រារព្ធ​ដោយ​ជោគជ័យ​នូវ​ពិព័រណ៍​នេះ​ចំនួន​១៣​លើក ។

​បច្ចុប្បន្ន​ពិព័រណ៍​នេះ កំពុង​ជំរុញ​ឥតឈប់ឈរ​ដើម្បី​អភិវឌ្ឍ​ឱ្យ​កាន់តែ​អន្តរជាតិ​ភាវូបនីយកម្ម មិន​ត្រឹមតែ​ប៉​ណ្ណឹ​ង ថែម​ទាំង​បង្ហាញឱ្យឃើញ​ពី​សមិទ្ធផល​ដ៏​ល្អឥតខ្ចោះ នៃ​ពាណិជ្ជកម្ម​ប្រទេស​ចិន ដែល​ទាំង​ក្លាយទៅជា​វេទិកា​នៃ​ការ​នាំចូល​ផលិតផល​គុណភាព​ល្អ​ពី​ក្រៅ​ប្រទេស​ចូលក្នុង​ទីផ្សារ​ប្រទេស​ចិន និង​ជំរុញ​កិច្ចសហប្រតិបត្តិកា​រស​ម​ត្ថភាព​ឧស្សាហកម្ម​អន្តរជាតិ ។​

​លោក​បន្តថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទំហំ​ផលិតផល​សរុប​នៃ​វិស័យ​ឧស្សាហកម្ម​កែច្នៃ​របស់​កម្ពុជា បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ប្រទេស​កសិផល​គុណភាព​ល្អ​ដែល​ទទួលបាន​ការអនុញ្ញាត​ឱ្យ​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​កាន់តែ​ច្រើនឡើង ប៉ុន្តែ​សមត្ថភាព​ផលិត​នៃ​វិស័យ​ឧស្សាហកម្ម​កែច្នៃ​របស់​ប្រទេស​កម្ពុជា នៅតែ​មាន​កម្រិត សង្ឃឹម​ថា​តាមរយៈ​ពិព័រណ៍​ផលិតផល​ពាណិជ្ជកម្ម​កែច្នៃ​ប្រទេស​ចិន ដែល​ជា​វេទិកា​អន្តរជាតិ អាច​ផ្ដល់ឱ្យ​វិស័យ​កម្មន្តសាល​របស់​កម្ពុ​ជា​នូវ​ផលិតផល​កាន់តែ​មាន​ភាព​ប្រកួតប្រជែង ជួយ​ដល់​សហគ្រាស​កម្ពុជា​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​និង​ពង្រីក​ទីផ្សារ​ឱ្យបាន​កាន់តែ​ឆាប់រហ័ស ។​

​លោកជំទាវ ខា ឡេង រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​មានប្រសាសន៍ថា ចំណង​មិត្តភាព​រវាង​កម្ពុជា និង​ប្រទេស​ចិន កាន់តែ​មាន​ភាពរឹងមាំ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​ឆ្នាំ ២០២៣​នេះ ជា​ឆ្នាំ​មិត្តភាព កម្ពុជា ចិន និង​ជា​ខួប​លើក​ទី​៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ជាមួយគ្នា ហើយ​ចំណងមិត្តភាព​នេះ​នៅតែ​បន្ត​អភិវឌ្ឍ​កាន់តែ​ស៊ីជម្រៅ និង​កាន់តែ​រឹងមាំ ជា​មិត្តភាព​ដែក​ថែប មិន​អាច​បំបែក​បាន ប្រកប​ដោយ​ភាព ស្មោះត្រង់ រួមសុខទុក្ខ​ជាមួយគ្នា នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់ ។​

​លោកជំទាវ​បាន​កោត​សរសេរ និង​វាយតម្លៃ​ខ្ពស់​ជូន​ចំពោះ​គណៈកម្មការ​រៀប​ច​ពិព័រណ៍​ផលិងផល​ពាណិជ្ជកម្ម​កែច្នៃ​ប្រទេស​ចិន ដែល​បាន​ខិតខំ​រៀបចំ​សន្និសីទ​ផ្សព្វផ្សាយ​ដ៏​មាន​សារសំខាន់​មួយ​នេះ​ឡើង ក្នុង​គោលបំណង​ផ្សព្វផ្សាយ​លម្អិត​អំពី​ការរៀបចំ​ពិព័រណ៍​ផលិតផល​ពាណិជ្ជកម្ម​កែច្នៃ​ប្រទេស​ចិន ដើម្បី​ផ្ដល់​ជា​ឱកាស​ឱ្យ​វិនិយោគិន​កម្ពុជា​ស្វែង​យល់​កាន់តែ​ស៊ីជម្រៅ​អំពី​ការរៀបចំ ពិព័រណ៍​នេះ ជា​ពិសេស​អំពី​បរិយាកាស​វិនិយោគ​និង​ពាណិជ្ជកម្ម​នៅ​ក្នុង​ទីក្រុង​តុង​គួន ។

​ក្នុងនាម​ក្រសួង​ពាណិជ្ជកម្ម លោកជំទាវ​ស្នើឱ្យ​គណៈកម្មការ​រៀបចំ​ពិព័រណ៍ បន្ត​ផ្សព្វផ្សាយ​បន្ថែមទៀត ក្នុង​គោលបំណង​ប្រមូល​កៀគរ​ពាណិជ្ជករ ក្រុមហ៊ុន សហគ្រាស​កម្ពុជា ទៅ​ចូលរួម​ឱ្យបាន​ច្រើន​ថែម​ទៀត​ជាំ​ពិសេស​ស្នើសុំ​ការសហការ​គ្នា​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀត ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ដើម្បី​ធ្វើ​យ៉ាងណា​ផ្សព្វផ្សាយ​និង​ផ្ដល់ឱកាស​ឱ្យ​វិនិយោគិន​ពី​ប្រទេស​ទាំង​ពីរ សិក្សា​ស្វែងយល់ និង​ចាប់យក​ការ​បណ្ដាក់ទុន​វិនិយោគ​ទាំង​ក្នុងប្រទេស​កម្ពុជា និង​ក្នុង​ទីក្រុង​តុង​គួន ក៏​ដូចជា​បណ្ដា​តំបន់​នានា​ក្នុង​ប្រទេស​ចិន សំដៅ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ឱ្យ​ច្រើនជាង​មុន​បន្ថែ​ទៀត ៕​