
គណៈគ្រប់គ្រង គ្រូឧទ្ទេស មន្ត្រីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ សិស្សមន្ត្រីក្រមការជំនាន់ទី១០ និងកម្មសិក្សាការីឆ្នាំ២០២៣ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ៨០០ អង្គនាក់ ទទួលបានចំណេះដឹងថ្មីៗ ពីបាឋកថាស្តីពី ” ប្រវត្តិសាស្ត្រសង្គ្រាមឥណ្ឌូចិនលើកទី៣
នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីបាឋកថាស្តីពី ” ប្រវត្តិសាស្ត្រសង្គ្រាមឥណ្ឌូចិនលើកទី៣ ក្រោមវត្តមានជាវាគ្មិនកិត្តិយសពី លោកបណ្ឌិត ផាត កុសល សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ មកពីសាកលវិទ្យាល័យទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក និងជាទីប្រឹក្សាវិទ្យាស្ថានចក្ខុវិស័យអាស៊ី ជូនដល់គណៈគ្រប់គ្រង គ្រូឧទ្ទេស មន្ត្រីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ សិស្សមន្ត្រីក្រមការជំនាន់ទី១០ និងកម្មសិក្សាការីឆ្នាំ២០២៣ នៃសាលាភូមិន្ទរដ្ឋបាល សរុបទាំងអស់ប្រមាណ ៨០០ អង្គនាក់ ដោយមានការចូលរួមផ្ទាល់ និងពីចម្ងាយតាមប្រព័ន្ធMicrosoft Teams របស់សាលាភូមិន្ទរដ្ឋបាល។
ក្នុងក្របខណ្ឌនៃការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល បាឋកថា ត្រូវបានចាត់ទុកជាជាវេទិកាដ៏សំខាន់មិនអាចខ្វះបាន ដើម្បីពង្រឹងសមត្ថភាព សិស្សមន្ត្រី និងកម្មសិក្សាការី។
តាមរយៈវេទិកានេះ ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋា ភិបាល មន្ត្រីជំនាញ និងសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យល្បីទាំងក្នុងនិងក្រៅប្រទេស អាចផ្តល់នូវការចែករំលែកចំណេះដឹង និងបទពិសោធន៍ ពាក់ព័ន្ធនឹងចក្ខុវិស័យ ទស្សនាទាន ឧត្តមានុវត្តន៍ លើការដឹកនាំ និងការគ្រប់គ្រងសាធារណៈ ការលើកកម្ពស់គុណធម៌ជាមន្ត្រី ភាពជាគំរូក្នុងការដឹកនាំនិងការបំពេញការងារ ការងារកែទម្រង់ និងការអនុវត្តគោលនយោបាយទាំងឡាយរបស់ក្រសួង-ស្ថាប័ន តាមវិស័យ របស់រាជរដ្ឋាភិបាល រួមទាំងគោលនយោបាយការបរទេសផងដែរ។
ទន្ទឹមនេះ កម្មវិធីបាឋកថា គឺឱកាសដ៏វិសេសវិសាលមួយសម្រាប់សិស្សមន្ត្រី និងកម្មសិក្សាការី ចោទ សំណួរសំខាន់ពាក់ព័ន្ធទៅកាន់អ្នកជំនាញ ឬអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ ដើម្បីទទួលបាននូវពុទ្ធិ គតិបណ្ឌិត វិធី សាស្ត្រល្អៗ ដែលជាធាតុចូលក្នុងការរៀបចំគោលនយោបាយសាធារណៈ ការពង្រឹងប្រព័ន្ធអភិបាលកិច្ច កា អភិវឌ្ឍប្រកបដោយចីរភាព និងបរិវត្តកម្មសាធារណៈជាដើម។ផ្អែកលើផែនការការងារឆ្នាំ២០២៣ សាលាភូមិន្ទរដ្ឋបាលបានកំណត់គោលដៅរៀបចំបាឋកថា យ៉ាង តិចចំនួន១០។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ សាលាភូមិន្ទរដ្ឋបាល បាននិង កំពុងផ្តល់ការបណ្តុះបណ្តាលដំបូងដល់សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១២ មានចំនួនសរុប ៩៣នាក់ (នារី៣២ នាក់) សម្រាប់រយៈពេល២ឆ្នាំ ដែលបែងចែកជាបីជំនាញ គឺជំនាញរដ្ឋបាលទូទៅ មានចំនួន ៣៥នាក់ (នារី ៩នាក់), ជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានចំនួន៣៤នាក់ (នារី១២) និងជំនាញទំនាក់ទំនងអន្តរជាតិ មាន ចំនួន២៤នាក់ (នារី១១នាក់)។ ចាប់ពីដើម ឆ្នាំ២០២៣មក សាលាក៏បានបណ្តុះបណ្តាលដំបូងដល់សិស្ស មន្ត្រីក្រមការ ជំនាន់ទី១០ មានចំនួនសរុប ១២១នាក់ (នារី៣៨នាក់) សម្រាប់រយៈពេល ១២ខែ។ ទន្ទឹមនេះ សាលាភូមិន្ទរដ្ឋបាល ក៏បាននិងកំពុងផ្តល់ការបណ្តុះបណ្តាលបន្តរយៈពេល ៩ខែ ដល់កម្មសិក្សាការីនៃវគ្គវិក្រឹតការ ក្នុងឆ្នាំ២០២៣ ចំនួន ៦០៨អង្គនាក់ (នារីចំនួន១៣១ និងព្រះសង្ឃ៣០អង្គ) ដែលនិមន្ត និងអញ្ជើញមកពីបណ្តាក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយត្រូវបានបែង ចែកជាបួនវគ្គ ទៅតាមកម្រិតមុខតំណែង និងប្រភេទក្របខណ្ឌ រួមមាន៖
វគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ (១៩២នាក់ ក្នុងនោះ នារី២៦នាក់ និងព្រះសង្ឃ២២អង្គ), វគ្គវិក្រឹតការមន្ត្រីមធ្យម (៣១៦នាក់ ក្នុងនោះ នារី៧២នាក់), វគ្គវិក្រឹតការមន្ត្រីគ្រប់គ្រងរដ្ឋបាល (៨០នាក់ ក្នុងនោះ នារី២៦នាក់ និងព្រះសង្ឃ ០៨អង្គ) និង វគ្គវិក្រឹតការមន្ត្រីក្រមការ (២០នាក់ ក្នុងនោះ នារី៧នាក់)៕