ឧត្តមសេនីយទោ ស សំបូ​រធន នាយសេនាធិការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អញ្ជើញ​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ និង​ការងារ​ត្រៀម​រៀបចំ​បុណ្យ​កំណើត​កងរាជអាវុធហត្ថ​

ភ្នំពេញ​៖ ដោយ​បាន​ទទួល​ការអនុញ្ញាត​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រឹក​ថ្ងៃ​ព្រហស្បតិ៏ ៥​កើត ខែ​បឋមាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២៣ នៅ​សាលប្រជុំ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​សែន​រីករាយ លោក ឧត្តមសេនីយ៍ទោ ស សំបូ​រធន នាយសេនាធិការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ រក្សា​សុវត្ថិភាព និង​សង្គ្រោះ​បន្ទាន់ ពិធី​ប្រារព្ធ​ខួប​លើក​ទី​៣០ ទិវា​បង្កើត​កងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៣) និង​ត្រួតពិនិត្យ​ទីតាំង​សម្រាប់​រៀបចំ​ប្រារព្ធ​ពិធី​។​

​កិច្ចប្រជុំ​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​នាយសេនាធិការរង ស្នងការ​ស្នងការដ្ឋាន​ទាំង​៧ និង​មេបញ្ជាការ​គ្រប់​បណ្ដា​អង្គភាព​ដែល​មាន​ការពា​ក់ព​ន្ធ័​នៅក្នុង​ផែនការ​ផងដែរ​។

​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៣០ ទិវា​បង្កើត​កងរាជអាវុធហត្ថ​ឆ្នាំ​២០២៣​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៣​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល ក្រសួង​ការពារជាតិ អគ្គ​បញ្ជ​ការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ សេនា​នុពន្ធ័ អនុ​ពន្ធ​យោធា​បរទេស​ប្រចាំ​នៅ​កម្ពុជា ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ នៅ​ទីលាន​បាញ់​គ្រាប់​ពិត​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​សែន​រីករាយ ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​ច្រក​កូវ ឃុំ​ពាម ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​៕​