ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៖ វិស័យ​សារព័ត៌មាន​មាន​តួនាទី​ដ៏​សំខាន់ ក្នុង​ការចូលរួម​ការ​កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​

ភ្នំពេញ​៖ ក្នុង​ពិធី​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​ក្រុម​ការងារ​បណ្តា​ញ​ផ្សព្វផ្សាយ​សង្គម នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៣​នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​យ៉ាងដូច​ច្នេះ​ថា វិស័យ​សារព័ត៌មាន មាន​តួនាទី​ដ៍​សំខាន់ ក្នុង​ការចូលរួម​ការ​កសាង និង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​យ៉ាងសំខាន់​ដោយ​មិន​អាច​ខ្វះ​បាន​។​

១. វិស័យ​ព័ត៌មាន គឺជា​ចលករ​នៃ​បណ្តុំ​គំនិត​, ស្មារតី និង​ទស្សនៈ ក្នុង​ការវិភាគ​ពិចារណា ប្រកប​ដោយ​ហេតុផល និង​ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ​ក្នុងនាម​ជា​ម្ចាស់​ប្រទេស ព្រមទាំង​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​តថភាព​ពិត​ជាក់ស្តែង​របស់​សង្គម ដែល​រាជរដ្ឋាភិបាល ត្រូវការ​ជា​ចាំបាច់ ដើម្បី​មាន​មូលដ្ឋាន​ក្នុង​ការកែលម្អ​ចំណុច​ខ្វះខាត​នានា សំដៅ​ធ្វើ​យ៉ាងណា​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​លឿន និង​មាន​ប្រសិទ្ធភាព​។

​ជាក់ស្តែង នៅក្នុង​ការកសាង និង​អភិវឌ្ឍ​ប្រទេស​កន្លងមក​, វិស័យ​ព័ត៌មាន បាន​ចូលរួម​ចំណែក​ដោយ​ផ្អែក​លើ​មុខងារ​សំខាន់ៗ រួមមាន​៖

​ទី​១. ការចូលរួម​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ផ្អែកលើ​មូលដ្ឋាន​នីតិរដ្ឋ​, ទី​២. ជា​អ្នក​ផ្តល់​ព័ត៌មាន​ពិត និង​លឿន​រហ័ស​ពីលើ​ដល់​ក្រោម និង​ពីក្រោម​ឡើង​លើ​, ទី​៣. ជា​អ្នក​ផ្តល់​ព័ត៌មាន​បែប​អប់រំ និង​ចំណេះដឹង​សម្រាប់​ប្រជាពលរដ្ឋ និង​ជា​ធាតុ​ចូល​សម្រាប់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​, ទី​៤. ជា​អ្នកឃ្លាំមើល និង​ត្រួតពិនិត្យ​តុល្យភាព​សង្គម​ដ៏​ស្មោះត្រង់​, និង​ទី​៥. ជា​អ្នកចូលរួម​កែលម្អ​សង្គម​តាមរយៈ​ការផ្តល់​ព័ត៌មាន​ពិត​គ្រប់​ជ្រុងជ្រោយ និង​ប្រកបដោយ​តម្លាភាព ដែល​បៀ​ប​ដូច​ជា​ថ្នាំពេទ្យ​ដ៏​ពិសិដ្ឋ​សម្រាប់​បម្រើ​ឱ្យ​ការអភិវឌ្ឍ​សង្គម ខណៈ​ដែល​ព័ត៌មាន​ក្លែងក្លាយ គឺ​ប្រៀប​ដូចជា​ថ្នាំពុល​សម្រាប់​សង្គម​ជាតិ​ទៅ​វិញ ។

២. រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែលមាន សម្តេច​តេជោ ជា​ប្រមុខ នៅតែ​បន្ត​ការបេ្តជ្ញាចិត្ត​ក្នុង​ការគាំពារ​សិទ្ធិសេរីភា​ព​នៃ​ការបញ្ចេញមតិ​, សេរីភាព​ខាង​សារព័ត៌មាន ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​ទន្ទឹមនឹងនេះ​, ក៏​តែង​បាន​យកចិត្តទុកដាក់​ក្នុងការ​រក្សា​នូវ​បរិយាកាស​ល្អ​នៃ​ការប្រកប​វិជា្ជជីវៈ​សារព័ត៌មាន និង​សោតទស្សន៍​នៅ​កម្ពុជា តាមរយៈ​ការធានាបាន​នូវ​ការគោរព​សិទ្ធិ​សេរីភាព​ខាង​សារព័ត៌មាន និង​សេរីភាព​ខាង​បោះពុម្ពផ្សាយ​ដោយ​ស្មើភាព​, គ្មាន​ការរើសអើង​, គ្មាន​ការគំរាមកំហែង និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ ។

​រាជរដ្ឋាភិបាល ក៏ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ខិតខំ​ប្រឹងប្រែង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ផល​វិជ្ជមាន​សម្រាប់​ជាតិ និង​ប្រជាជន ដោយ​ផ្តោត​លើ​កិច្ចការ​សំខាន់​ចំនួន ២ គឺ​៖ ទី​១. ការជួយ​គ្នា​ក្នុង​ផល​វិជ្ជមាន និង ទី​២. ការកាត់បន្ថយ និង​សំដៅ​ឈាន​ទៅ​លុបបំបាត់​ចំណុច​អវិជ្ជមាន​។​

៣. ការចូលរួម​ចំណែក​បង្កើន​ភាពវិជ្ជមាន​ក្នុង​សង្គម​ជាតិ ព្រមទាំង​ការកាត់បន្ថយ និង​សំដៅ​ឈាន​ទៅ​លុបបំបាត់​ភាពអវិជ្ជមាន គឺ​ប្រៀប​បាន​នឹង​កម្លាំង​ចលករ​ក្នុងការ​រុញច្រាន​នាវា​កម្ពុជា ឆ្ពោះទៅ​កាន់​ត្រើយ​អភិវឌ្ឍ​, វឌ្ឍនភាព​សង្គម និង​ការសម្រេច​នូវ​ក្តី​ស្រមៃ​សម្រាប់​យុវជន​ទាំង​ក្នុង​ដំណាក់កាល​បច្ចុប្បន្ន និង​តទៅ​អនាគត​។

​វិស័យ​ព័ត៌មាន គឺជា​កាតាលីករ​យ៉ាងសំខាន់​បំផុត​ក្នុង​ការបង្កើត​ខ្លឹមសារ និង​ជា​អ្នក​ចែកចាយ​ព័ត៌មាន​អំពី​សង្គម​ជាតិ​, ការបង្ហាញ​អំពី​តថភាព​សង្គម​, ការអភិវឌ្ឍ ជា​ពិសេស​ជា​កញ្ចក់​ឆ្លុះ​យ៉ាងសំខាន់ ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការកែប្រែ​ភាព​អសកម្ម​, ភាពអវិជ្ជមាន ឬ​បញ្ហា​ខ្វះខាត​ផ្សេងៗ ដើម្បី​នឹង​កែលម្អ​ឱ្យ​ល្អប្រសើរ​។

​អ្វី​ដែល​ជា​មូលដ្ឋានគ្រឹះ​មិន​អាច​ខ្វះ​បាន​សម្រាប់​វិស័យ​សារព័ត៌មាន រួមទាំង​ការប្រើប្រាស់​បច្ចេកវិទ្យា​ដែល​បង្កើន​វិសាលភាព​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​ទៅ​គ្រប់​មជ្ឈដ្ឋាន និង​ទូលំទូលាយ​នោះ គឺ​ដោយសារ​ប្រទេសជាតិ​មាន​សន្តិភាព​, ស្ថិរភាព​, សន្តិសុខ និង​ការបើក​សិទ្ធិ​សេរីភាព​គ្រប់​បែបយ៉ាង​ជូន​ដល់​ប្រជាពលរដ្ឋ​៕​