
សម្តេចតេជោ ហ៊ុនសែន ចេញបទបញ្ជាឲ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្ស បើមានហោះចូលទឹកដីកម្ពុជា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជានាយឧត្តមសេនីយ៍ផ្កាយមាស៥ ផុតលេខ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានចេញបទបញ្ជាឲ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក បើមានការ
ហោះចូលទឹកដីកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៍បានផ្ញើសារជាសម្លេងតាមប្រព័ន្ធ Telegram ផ្លូវការរបស់សម្តេចថា ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តម វង្ស ពិសេន , អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងកម្លាំងប្រដាប់អាវុធដែលឈរជើង នៅក្នុងភូមិសាស្ត្រនៃខេត្តរតនគិរី, មណ្ឌលគិរី,និងខេត្តក្រចេះ,។
សម្ដេចមានប្រសាសន៍បែបនេះ បន្ទាប់ពីមានសភាពការណ៍វាយប្រហារថា , ដោយរបៀបភេរវកម្ម នៅក្នុងទឹកដីវៀតណាម “ប្រមាណជា 2 អាទិត្យមុននេះ”យើងបានសហការជាមួយភាគីវៀតណាម ដើម្បីទប់ស្កាត់ពួកបាក់ទ័ពរត់ឆ្លងចូលមកក្នុងទឹកដីកម្ពុជា យើង។ សម្តេចបន្តថា យើងសហការបានល្អជាមួយនឹងភាគីវៀតណាម ដើម្បីគ្រប់គ្រងនូវសហភាពការណ៍ទាំងនេះ នាំមកនូវស្ថេរភាពសម្រាប់ទាំងកម្ពុជាផង និងទាំងខាងវៀតណាមផង។
សម្ដេចមានប្រសាសន៍បន្តថា អ្វីដែលជាបញ្ហានោះ គឺ (ដ្រោនជាច្រើនគ្រឿងបានហោះចូលទឹកដីកម្ពុជាយើង ជាបន្តបន្ទាប់ នៅក្នុងតំបន់នៃខេត្តរតនគិរី)តែម្តង។ យើងបានសួរទៅបញ្ជាក់ខាងភាគីវៀតណាម ភាគីវៀតណាមបានបដិសេធថា មិនមែនជាដ្រោនរបស់ខ្លួននោះទេ។
ដូច្នេះការវាយតម្លៃជាបន្តបន្ទាប់ រហូតមកដល់ថ្ងៃនេះ ខ្ញុំប៉ាន់ស្មានថា ដ្រោន មានចំនួនដ៏ច្រើននេះ (គឺជា ដ្រោន ពួកបច្ចាមិត្ត ដែលបានធ្វើសកម្មភាពវាយប្រហារទៅលើទឹកដីវៀតណាម)។ ឥឡូវមានសញ្ញាថា មួយចំនួនកំពុងបាក់ទ័ពរត់ចូលក្នុងទឹកដីកម្ពុជា ក្នុងសភាពការណ៍បែបនេះ ខ្ញុំចេញបទបញ្ជាឱ្យសម្ដេចពិជ័យសេនា ទៀ បាញ់ ឱ្យ ឯកឧត្តម វង្ស ពិសេន ឱ្យឯកឧត្តម ហ៊ីង ប៊ុនហៀង បញ្ចេញនូវអាវុធសម្រាប់បាញ់យន្តហោះ ទៅកាន់ទីកន្លែងដែល ដ្រោន ហោះចូល យើងត្រូវប្រើអាវុធដ៏ទំនើបរបស់យើង ដើម្បីបាញ់ទម្លាក់ដ្រោន ណាក៏ដោយ ដែលហោះចូលក្នុងទឹកដីកម្ពុជា ។
សម្ដេចបានដាក់បទបញ្ជាយ៉ាងតឹងរឹង សូមបញ្ចេញកម្លាំងឲ្យបានឆាប់ទាំងកម្លាំង និងអាវុធដែលនៅនឹងបញ្ជាការដ្ឋានអង្គរក្ស និងកម្លាំង និងអាវុធ ដែលនៅអង្គភាពប្រឆាំងភេវកម្ម ដែលអាវុធនោះ គឺជាប្រភេទអាវុធទំនើបរបស់យើង ដែលមានសមត្ថភាពបាញ់ ទម្លាក់យន្តហោះ ហើយក៏មានសមត្ថភាពបាញ់ ដ្រោន ។ យ៉ាងនេះហើយសូមបញ្ចេញកម្លាំងជាបន្ទាន់ ដើម្បីអនុវត្ត នូវវិធានការចាំបាច់។
ដើម្បីការពារការឈ្លានពាន ការស៊ើបការណ៍ណាមួយពី សំណាក់ ដ្រោន ដែលយើងមិនដឹងពីប្រភព ថាវាមកពីខាងណានោះ អញ្ចឹងវិធីតែមួយគត់គឺបាញ់ទម្លាក់ ដ្រោន ទាំងនេះតែម្ដង ។
សូមចេញបញ្ជាដាច់ណាត់ បញ្ជូនកម្លាំងឡើង ជាបន្ទាន់ អាវុធយ៉ាងហោចណាស់ក៏មាន 100 គ្រាប់ 100 ដើម ដើម្បីបាញ់ទម្លាក់ ដ្រោន ដើម្បីឲ្យដឹងថា តើជាដ្រោន របស់អ្នកណាពិតប្រាកដនោះ។ ពាក់ព័ន្អការហោះហើរចូលទឹកដីកម្ពុជា ដើម្បីស៊ើបការណ៍ ហើយធ្វើនៅក្នុងពេលយប់ គឺមិនមែនជារឿងធម្មតាមនោះឡើយ ។
ដូច្នេះសូមឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការ អង្គរក្ស ដែលគ្រប់គ្រងអាវុធនេះ រួមបញ្ចេញអាវុធ និងកម្លាំងទៅជាមួយបន្ថែមទៅដោយកម្លាំង ប្រឆាំងភេវកម្មផង។ ករណីនេះយើងត្រូវរៀបចំច្រើនក្រុម ច្រើនទីកន្លែង ដើម្បីពង្រាយនិងបាញ់ទម្លាក់ ដ្រោន ទាំងនេះ៕